vendredi 8 mai 2009

សមមានប្រាជ្ញ

០១.តាសានមានបុត្រីបុត្រា...បុត្របងហៅថាច័ន្ទគីរី
បុត្រស្រីវ័យក្មេងនាមសូភី..អាយុប្រាំពីរឆ្នាំហើយណា៎។
០២.ឪពុកចូលមហល្លកវ័យ..ប្រពន្ធគាត់ក្ស័យចោលលោកា
ទុកតាឱយនៅតោលកំព្រា..រស់សែនវេទនាបីនាក់កូន។
០៣.លុះច័ន្ទគីរីធំពេញវ័យ..មានសង្គ្រាមជ័យភ័យរត់លូន
ព្រាត់ប្រាស់ម៉ែឪញាតិបងប្អូន..គីរីស្ម័គ្រខ្លួនបំរើជាតិ។
០៤.ច័ន្ទគីរីបានចាកចេញទៅ..ទុក្ខតាមាននៅទ្រូងចង្អៀត
ជាមួយកូនពៅស្រីតូចទៀត..កម្មអឺយបៀនបៀតមកលើតា។
០៥.ទៅបាត់ច្រើនខែគ្មានដំណឹង..ទើបតែថ្ងៃហ្នឹងមានអក្ខរា
ផ្ញើជូនឪពុកចាស់ជរា..ប្រាប់សុខទុក្ខជាកូនប្រុសថ្លៃ។
០៦.លោកតាគាត់ចាស់ភ្នែកងងឹត..កំលាំងក៏រឹតឱនថយក្រៃ
គាត់មិនអាចអានដឹងសេចក្ដី..ឯសូភីស្រីមិនចេះទៀត។
០៧.ឪពុកនាំកូនស្រីកល្យាណ..ទៅរកអ្នកអានទ្រូងក្ដុកក្ដៀត
គិតដល់កូនប្រុសក្រែងរោគពាទ្យ..នៅបំរើជាតិកើតអីណា!។
០៨.ទៅដល់ទីផ្សារឃើញកម្លោះ..ពាក់អាវសម្លុសឫកសង្ហារ
សិតសក់វែកខ្ញង់ពាក់វ៉ែនតា..ស្បែកជើងបាតតាសៀតប៊ិចសម។
០៩.តាមើលទៅគេសមមានប្រាជ្ញ..តាឱនកាយខ្លាចដៃប្រណម្យ
ថាទេគុណម្ចាស់មេត្តាខ្ញុំ...បើមិនសមរម្យអភ័យរ៉ា។
១០.មេត្តាជួយអានដឹងសេចក្ដី..លិខិតនេះអីផ្ញើមកតា
ពីកូនសម្លាញ់ប្រុសស្ងួនភ្ងា..ដែលធ្វើជាទាហានបំរើជាតិ។
១១.កំលោះទទួលលិខិតតា..ហែកខ្វោកលាតលាអានខ្មីឃ្មាត
ធ្វើមាត់ម្ហបៗប្រកបទៀត..ទ្រូងខ្លួនចង្អៀតពេញឱរា។
១២.រួចហើយកំលោះបោះសំដី..មិនដឹងជាស្អីសំបុត្រតា
អក្សរក្រវ៉ាមដូចក្ដាមវារ..ប្រហែលកូនមាឥតតម្រេះ។
១៣.តាឮដូច្នោះលាន់មាត់ថា..កូនប្រុសថ្លៃថ្លាពីមុនចេះ
អក្សរត្រឹមត្រូវម្ដេចដូច្នេះ..សរសេរអីចេះមើលមិនយល់។
១៤.កំលោះសង្ហារឮដូច្នោះ..យកដៃឱបពោះទុក្ខកង្វល់
ទឹកភ្នែកហូរស្រោកជោកជាំថ្ពាល់..នឹកគិតទៅដល់ខ្លួនឥតប្រាជ្ញ។
១៥.ឃើញកំលោះយំតាភ័យខ្លាំង..ក៏យំប្រណាំងដោយគិតខ្លាច
កូនប្រុសសម្លាញ់ត្រូវបីសាច..ជាខ្មាំងកោងកាចបាញ់ប្រហារ។
១៦.សូភីកូនពៅស្រីកល្យាណ..ក៏ទ្រាំមិនបានយំទៀតណា
យំមិនដឹងរឿងព្រោះឃើញតា..អាណិតបិតាទុក្ខព្រួយធំ។
១៧.អ្នកនៅជិតខាងឃើញដូច្នោះ..នាំគ្នារោមរុសទុក្ខក្រៀមក្រំ
ទឹកភ្នែកហូរដែរស្មានទុក្ខធំ..ក៏នាំគ្នាយំឥតស្រដី។
១៨.យុវតីម្នាក់សឿងអស្ចារ្យ..ស្ទុះទៅសួរតាមានទុក្ខអ្វី
បាននាំគ្នាយំទាំងប្រុសស្រី..មេត្តាស្រដីប្រាប់ខ្ញុំផង។
១៩.តាឮដូច្នោះស្រដីថា..អ្នកអានអក្ខរាគាត់សៅហ្មង
ដឹងរឿងសេចក្ដីទុក្ខខុសឆ្គង..ពីកូនប្រុសច្បងផ្ញើមកតា។
២០.ប្រហែលកូនតាមានគ្រោះភ័យ..ក្នុងសង្គ្រាមជ័យឬមរណា
បានជាកម្លោះមិនវាចា..បង្ហូរនេត្រាដូចទុក្ខធំ។
២១.នារីស្ទុះទៅជិតកម្លោះ..វាចាពិរោះសួររំទំ
ថាកើតហេតុអីបានជាយំ..ឱយញាតិជៀវជុំយំព្រមគ្នា។
២២.កម្លោះហ៊ឺហារឆ្លើយមាំមួន..យំអាណិតខ្លួនព្រោះអត្តា
មិនបានរៀនសូត្រនៅសាលា..មិនចេះអក្ខរាខ្លួនឯងធំ។
២៣.បើមិនចេះទេកុំសៀតប៊ិច..កុំចង់រំលេចសៀតបន្លំ
ស៊យឱយខ្មាសគេទុក្ខក្រៀមក្រំ..ថ្ងៃស៊យធ្លាក់ចំលើអាត្មា។
២៤.យុវតីក្លាហានអានលិខិត..ដឹងសេចក្ដីពិតជំរាបតា
ច័ន្ទគីរីសុខទុក្ខធម្មតា..ទើបឡើងស័ក្ដិជានាយទាហាន។
២៥.តាឮដូច្នោះសែនត្រេកអរ..រំភើបញាប់ញ័រអស់ទាំងប្រាណ
លើកដៃសំពះដល់អ្នកអាន..ជូនជាពត៌មានដំណឹងពិត។
២៦.តាសូមអរគុណដល់មុំស្រី..ក្លាហានឈ្លាសវៃដូចបណ្ឌិត
បានឱយទ្រូងតាធូរស្រាលចិត្ត..ឈប់ភ័យលែងគិតរឿងអពមង្គល៕
.រៀនតែងលើកទី១នូវឆ្នាំ១៩៨៥តាមកំណាព្យ«យំអាណិតខ្លួន»