samedi 14 février 2009

ស្រេចអ្នកខាងលើ

១-កម្លោះក្រមុំស្រឡាញ់គ្នា....ជាគូសង្សារស្មោះស្ម័គ្រក្រៃ
តែងណាត់ជួបគ្នារាល់រាត្រី............សាសងបេត្តីក្ដីស្នេហា។
២-ដោយខ្លាចពុកម៉ែគាត់ដឹងរឿង..ស្រីមុំចិត្តសឿងសម្រេចណា៎
បបួលកម្លោះជាគូសង្សារ..........នាំពង្រត់គ្នាចេញពីផ្ទះ។
៣-សង្សារទាំងគូបានសម្រេច...........រៀបចំបង្វេចគេចបង្វេះ
ខ្លាចពុកម៉ែដឹងខឹងសម្លេះ.............ជេរវ៉ៃជាន់ជិះឥតប្រណី។
៤-សង្សារទាំងគូចរយាត្រា............កាត់ព្រៃព្រឹក្សាក្នុងរាត្រី
យប់ដប់ប្រាំកើតពេញបូណ៌មី......ដើរឆ្ងាយហត់ក្រៃឈប់សម្រាក។
៥-សង្សារទាំងគូឈប់ក្បែរវត្ត.ក្រោមដើមឈើស្ងាត់ក្រោមដើមម្កាក់
រៀបចំកន្លែងគេងសម្រាក....... នឿយហត់លំបាកផុតគ្រោះថ្នាក់។
៦.ចៃដន្យយប់នោះមានសង្ឃនេន..ចង់ឆាន់ពិតមែនឡើងបេះម្កាក់
ឮមាត់រអ៊ូ នេនពួនលាក់.............ឱរាក្ដុកក្ដាក់ខ្លាចបែកការ។
៧-កំលោះក្រមុំទាំងពីរនាក់..........បីបមថ្នមថ្នាក់អង្អែលគ្នា
ឥតឃើញសង្ឃនេននៅលើរ៉ា......រួមរក្សតណ្ហាដោយមេត្រី។
៨-កំលោះនៅលើសួរថា​ អូន!....បើសិនមានកូនឱយឈ្មោះអី!
ចង់បានកូនប្រុសឬកូនស្រី?.............សូមអូនស្រដីប្រាប់មកបង។
៩-ស្រីឆ្លើយ«ស្រេចអ្នកខាងលើ».....នេនពួននៅលើភ័យកន្លង
ស្មានស្រីក្រមុំឃើញនេនផង.......ហើយឆ្លើយឌឺដងឱយនេនឮ។
១០-កំលោះសួរទៀតមេត្តាបង.....រកឈ្មោះដាក់ផងសាកល៎មើ!
ស្រីឆ្លើយទៀតស្រេចអ្នកខាងលើ!...នេនពួននៅលើឆ្លើយថាទេ!។
១១-ស្រេចតែញោមទាំងពីរនាក់ណា៎...........កុំសួរអាត្មាមិនដឹងទេ!
អ្នកទាំងពីរឮខ្លាចរន្ធត់ទ្វេ...........ថាខ្មោចក៏ជេរឥតប្រណី។
១២-សង្ឃនេនឆ្លើយតបគឺ​ អាត្មា........មនុស្សធម្មតាកុំភិតភ័យ
អាត្មាឃើញញោមធើអីៗ................តាំងពីដើមដៃរហូតចប់៕
ផាត់ រឿន

Aucun commentaire:

Enregistrer un commentaire