dimanche 22 février 2009

នេនមិនចេះធម៌

១.ចិនចាស់បានចូលមរណភាព..កូនចៅក៏រៀបចំគ្នាន់គ្នេរ
និមន្តព្រះសង្ឃញាតិច្រើនទ្វេ.សូត្រមន្តឆាន់វេជូនសពម្ដាយ។
២.គ្រូសូត្រចាត់ចែងភិក្ខុសង្ឃ.នេនថ្មីច្រើនអង្គសូត្រស្វាធ្យាយ
បង្សុកូលទេសនាឧទ្ទិសថ្វាយ..ដល់សាកសពម្ដាយជាជាតិចិន។
៣.ព្រះសង្ឃបួសយូរសូត្រធម៌ល្អ...នេនបួសថ្មីក៏សូត្រមិនប៉ិន
សូត្រធម៌មិនឮចេះមិនឆ្អិន.........ចាំធម៌ចេះសិនសឹមសូត្រឮ។
៤.សូត្រធម៌ចប់ហើយចឹកសួរថា....ម៉េចលោកតូចវាសូត្រមិនឮ
ឯលោកធំៗក៏សូត្រឮ.....លោកតាឆ្លើយមើ!វាយ៉ាងណា?។
៥.គ្រូសូត្រឈ្លាសវៃពន្យល់ប្រាប់.សូត្រឮសម្រាប់ញោមញាតកា
នៅទីនេះស្ដាប់ឮគ្រប់អត្មា....សូត្រខ្សិបគឺថាឧទ្ទិសថ្វាយ។
៦.ថ្វាយព្រលឹងម្ដាយដែលចែកឋាន.ទៅភពនិព្វានលោកឯនាយ
ឋានសួគ៌ទេវតាភពសប្បាយ...ផុតភយន្តរាយក្នុងលោកិយ។
៧.អាចឹកត្រេកអរឮដូច្នោះ.ក៏នឹកស្រណោះនេនបួសថ្មី
ប្រគេនសូងលើសសង្ឃដទៃ..បានសូត្រពរជ័យជូនសពម្ដាយ។
៨.តាមពិតលោកនេនមិនចេះធម៌.ហើយខ្លាចខ្មោចញ័រមាត់អង្គកាយ
រួចបានគ្រូសូត្រឆ្លើយដោះស្រាយ..សូត្រឧទ្ទិសថ្វាយព្រលឹងខ្មោច៕

Aucun commentaire:

Enregistrer un commentaire