mercredi 18 février 2009

សងសឹក

១.គ្រួសារលោកថីមានកូនពីរ.ស្រីបងឈ្មោះមីប្អូនឈ្មោះម៉ី
ស្រីបងអាយុទើបបានម្ភៃ..............រីឯពៅស្រីដប់ប្រាំរ៉ា។ ២.គេមកដណ្ដឹងបងកល្យាណ..ពុកម៉ែក៏បានចាត់ចែងការ
រៀបទុកដាក់អពាហ៍ពិពាហ៍........ជាគូសមគ្នាសុខសិរី។ ៣.ជាច្រើនឆ្នាំបានកន្លងមក..ស្រីពៅពន្លកគេចូលស្ដី
យកជាគូគាប់ដោយមេត្រី.......ពុកម៉ែសួរស្រីយកប្ដីទេ?។
៤.ស្រីពៅកល្យាណនាងស្ងៀមនៅ គិតពាក្យអាស្រូវដែលឮគេ ថាយកប្ដីសីលំបាកទ្វេ...........ខ្លះម៉ែក្មេកជរគ្មានប្រណី។ ៥.ប្រៀបដូចគេចងដៃជើងដែរ.......ត្រូវបំរើគេគោរពប្ដី
បើប៉ះប្ដីកាចចិត្តអប្រិយ..ឈ្លោះជេរជួនវ៉ៃគ្មានអាណិត។
៦.លំបាកចិត្តណាស់មុខទុក្ខព្រួយ..ឱយបងថ្លៃជួយដោះស្រាយគិត យកប្ដីលំបាកឬមិនពិត.............សូមអ្នកជួយគិតប្រាប់ផងណា៎។ ៧.បងថ្លៃបានដៃឆ្លៀតឱកាស.ឆ្លើយតបឥតខ្មាសគ្មានបញ្ហា
ចាំបងបង្ហាញត្រួសត្រាយឆ្ការ....យើងណាត់ជួនគ្នាកន្លែងស្ងាត់។ ៨.បងថ្លៃលួងលោមពាក្យផ្អែមល្ហែម..នាំប្អូនថ្លៃក្លែមឆីឆ្ងាញ់មាត់ បានត្រួសត្រាយផ្លូវឆ្ការរួចបាត់............គ្មានទុក្ខវិបត្តិឥតសោកា។ ៩.រួចហើយបងថ្លៃក៏បន្លឺ........យកប្ដីស្រួលតើ!កែវជីវា គេនឹងបីបមថ្នមកាយា.......មិនឱយកនិដ្ឋាជួបគ្រោះភ័យ។ ១០.ស្រីពៅបានភ្លក់ស្គាល់ជាតិហើយ..មិននៅកន្តើយហើយស្រដី ជំរាបពុកម៉ែព្រមយកប្ដី............យកប្រុសដែលស្ដីដណ្ដឹងខ្ញុំ។ ១១.ពុកម៉ែប្រាប់គេតាមការគួរ..ចាស់ទុំដែលសួរដណ្ដឹងខ្ញុំ កូនពៅយល់ព្រមឈប់ក្រៀមក្រំ....ពុកម៉ែរៀបចំរកវេលា។ ១២.មេបាចាស់ទុំទាំងសងខាង..គិតគូរព្រមព្រាងខាងរៀបការ អញ្ជើញមិត្តភក្តិញាតកា......ចូលមង្គលការយ៉ាងអ៊ូអរ។ ១៣.ការហើយច្រើនខែកន្លងមក..ស្រីពៅពន្លកសែនត្រេកអរ បានស្វាមីរូបស្អាតបវរ.........ចិន្ដាស្មោះសរដល់ភរិយា។
១៤.ថ្ងៃមួយអផ្សុកប្ដីចោទសួរ..នែ mon amour កែវជីវា
កាលបងចូលស្ដីអូនទុក្ខា......មិនចង់រៀបការមែនឬទេ?។ ១៥.ភរិយាឆ្លើយថាពិតមែនបង..អូនព្រួយកន្លងព្រោះឮគេ ថាយកប្ដីសីលំបាកទ្វេ.....ខ្លះម៉ែក្មេកជេរបណ្ដេញផង។ ១៦.កុំតែបានបងថ្លៃយើងប្រាប់..រួចត្រាយផ្លូវស្រាប់ទុកឱយបង កុំអីពិបាកពេកកន្លង..........គួរណាស់តែបងអរគុណគាត់។ ១៧.ប្ដីឮដូច្នោះនឹកហួសចិត្ត..ខកប្រាណនឹកគិតរួចឥតមាត់ នឹកដល់ប្រពន្ធចាញ់បោកភ្លាត់..ឱយបងថ្លៃវាត់ខូចខ្លួនប្រាណ។ ១៨.ប្ដីចងកំហឹងរិះរកនឹក.......លៃលកសងសឹកវិញឱយបាន សងសឹកបងថ្លៃហ៊ានបំពាន..លូកលាំដល់ប្រាណខ្លួនប្រពន្ធ។ ១៩.ឱកាសមួយល្អបានឱយដៃ..ប្អូនប្រុសសាច់ថ្លៃដោយចៃដន្យ
គឺប្រេទសជាតិមានអាសន្ន ...... បងថ្លៃតូចតន់ជាប់កែនយោធា។ ២០.ទុកឱយប្រពន្ធដែលពោះធំ......នៅលើទ្រនុំតែឯកា ទូទុក្ខសង្វែកជាប់កាយា....ត្រូវព្រាត់គ្រួសារទុក្ខក្រៀមក្រំ។ ២១.ប្ដីបានផ្ដែផ្ដាំដល់ភរិយា..ថែខ្លួនពុំងារឱយសុខដុម ថែកូនក្នុងពោះឱយសុខុម...យើងនឹងជួបជុំគ្នាណា៎អូន។ ២២.បងមករកអូនឱយបានញឹក..បងឃ្លាតរែងនឹកអូននឹងកូន ដែលនៅក្នុងពោះស្រីមាសស្ងួន..បងមិនភ្លេចអូនកូនស្ងួនភ្ងា។ ២៣.ប្ដីចេញទៅបាត់ចោលព្រលឹង.មានតែដំណឹងតាមអក្ខរា មកសួរសុខទុក្ខកូនភរិយា........ឯខ្លួនពុំងារនៅធ្វើសឹក។ ២៤.ប្អូនថ្លៃអប្រិយក៏បានដៃ...ចិន្ដាព្រៃផ្សៃចាប់សងសឹក ដល់បងថ្លៃខ្លួននៅធ្វើសឹក..ប្រើល្បិចគិតនឹកចាប់លកលៃ។ ២៥.ឃើញមុខបងថ្លៃគាត់ក្រៀមក្រំ..នាយខូចបន្លំហើយស្រដី «កូនក្នុងពោះនឹងមានគ្រោះភ័យ..កើតខ្វះជើងដៃខ្លួនពិការ»។ ២៦.ព្រោះអីខ្វះជនថែគ្រប់គ្រង..ដោយសាររូបបងនៅឯកា ទាល់តែមានអ្នកថែមកាយា....ទើបបានកូនង៉ាផុតទុក្ខព្រួយ។ ២៧.បងថ្លៃស្រីឮពាក្យដូច្នោះ..ខ្លាចកូនក្នុងពោះមានទុក្ខព្រួយ ក៏សុំឱយប្អូនលៃលកជួយ............កុំឱយកូនក្មួយមានគ្រោះភ័យ។ ២៨.ប្អូនថ្លៃអប្រិយក៏វាចា......រួមរក្សស្នេហាគ្នានុះអី ម្ដងថែមច្រមុះម្ដងថែមដៃ....ម្ដងថែមប្រស្រីភ្នែកនិងមុខ។ ២៩.អ្នកមិនជឿខ្ញុំកូនពិការ..លំបាកវេទនាស្គាល់តែទុក្ខ បើអ្នកជឿខ្ញុំកូនបានសុខ..យើងបានស្រណុកទាំងអស់គ្នា។ ៣០.ស្រេចតែអ្នកគិតជ្រើសរើសយក..ខ្ញុំជួយលៃលកយកបុណ្យណា៎ ព្រោះខ្លាចកូនក្មួយខ្លួនពិការ......រស់នៅវេទនាលំបាកណាស់។ ៣១.ឯបងថ្លៃស្រីក៏វាចា..........រើសយកសុខាប្រាកដណាស់ ក៏ព្រមរួមរក្សលះបង់ខ្មាស.ជៀសវាងកម្មក្រាស់ឆ្លងមាសមេ។ ៣២.ច្រើនខែកន្លងឆ្លងផុតទៅ..បងស្រីម៉ីពៅឆ្លងទន្លេ បានកូនប្រុសមកស្អាតម៉្លេះទេ....ឯសុខភាពម៉ែល្អធម្មតា។ ៣៣.ប្ដីដឹងប្រពន្ធឆ្លងទន្លេ.សុំច្បាប់គ្នាន់គ្នេរអន្ទះសារ វិលជួបមុខកូននិងភរិយា.......ត្រេកអរអស្ចារ្យហើយស្រដី។ ៣៤.កូនយើងមុខមាត់ស្អាតណាស់ណា៎.ស្អាតដូចមាតាគួរបេត្តី មានសព្វគ្រប់ល្អមិនខ្វះអ្វី....បងត្រេកអរក្រៃក្នុងឱរា។ ៣៥.ភរិយាឮហើយក៏ស្រដី...........ថានែ!កុំអីកូនពិការ កុំបានប្អូនថ្លៃថែមថយរ៉ា..ថែមសព្វប្រការដល់កូនស្ងួន។ ៣៦.ប្ដីឮដូច្នោះច្រឡោតខឹង..ថាយឺស!អាហ្នឹងវាបោកអូន ស្ទុះយកកាំភ្លើងចិត្តមាំមួន.ទៅបាញ់ប្អូនខ្លួនហ៊ានលូកថ្លើម។ ៣៧.ទៅដល់មុខផ្ទះប្អូនថ្លៃហើយ.ឈរមិនស្ងៀមឡើយខឹងសម្បើម ដើរចុះដើរឡើងចិត្តជ្រួលជ្រើម...........បើប្អូនអើតលើមបាញ់ប្រលៃ។ ៣៨.សំណាងថ្ងៃនោះប្អូនទាំងពីរ.ប្រឡែងញក់ញីកេងកើយដៃ បងថ្លៃមិនហ៊ានបាញ់ប្រលៃ......រួចបោះសំដីទៅប្អូនថា។ ៣៩.អ្ហែងថែមដៃជើងឱយកូនអញ.ប្រពន្ធអញចាញ់បោករូបអា៎! រួចបានរួមរក្សក្ដីស្នេហា.......យកលេសពិការឱយនាងភ័យ។
៤០.ប្អូនថ្លៃឮហើយឆ្លើយតបថា.ហើយចុះអាណាត្រួសត្រាយព្រៃ បោកប្រពន្ធខ្ញុំយកទៅឆី....កាលនាងព្រួយភ័យមុនរៀបការ!។ ៤១.បងថ្លៃឮហើយក៏ឈប់ខឹង.ព្រោះខ្លួនឯងហ្នឹងខិលដែរណា៎ សម្ពោធប្អូនថ្លៃយកលេសថា.បង្ហាញសួគ៌ាត្រួសត្រាយផ្លូវ៕

Aucun commentaire:

Enregistrer un commentaire